អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមរើគំនរផ្ទាំងថ្មរាប់រយដុំ ដែលអ្នកអភិរក្សសម័យបារាំងដើមសតវត្សទី២០ ដើម្បីជួសជុលកម្រាលស្រុត និងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ នៅរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន។
ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា បច្ចុប្បន្ន កម្រាលថ្មរបស់រោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័នបានស្រុត ហើយទាមទារឱ្យក្រុមការងារត្រូវតែរុះរើផ្ទាំងថ្មចេញសិន ទើបយកមកផ្គុំសាកល្បងឡើងវិញដើម្បីជួសជុល។
ចំណែក ប្រព័ន្ធបង្ហូរទឹកបុរាណវិញ មិនដំណើរការយូរឆ្នាំមកហើយ។ ក្នុងកំឡុងពេលមានភ្លៀងធ្លាក់ម្តងៗ គឺមានស្ទះទឹក ទើបក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលឡើងវិញ ដើម្បីឱ្យមានដំណើរការរំដោះទឹកចេញពីប្រាសាទបាយ័នទៅខាងក្រៅ។
អាជ្ញាធរជាតិអប្សរាបន្តទៀតថា ការរើថ្មកម្រាលរោងទងទី១ និងជួសជុលប្រព័ន្ធបង្ហូរទឹកនេះ គឺមានសារសំខាន់ ដើម្បីរកវិធីបញ្ចៀសទឹកភ្លៀងចេញពីខាងលើរួតទី៣ ដែលហូរធ្លាក់មកក្រោយប្រាសាទឱ្យកាន់តែលឿន និងកាត់បន្ថយបរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទ។ អ្នកជំនាញពន្យល់ថា កាលណា បរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទច្រើន វាអាចនាំឱ្យដីល្បាប់ខ្សាច់ហូរចេញទៅតាមទឹកភ្លៀង។កាលណាដីល្បាប់ខ្សាច់ហូរចេញពីប្រាសាទច្រើនគឺវានឹងធ្វើឱ្យគ្រឹះប្រាសាទខ្សោយ៕
ដកស្រង់ពី៖ ខ្មែរថាមស៍