សត្វ​ក្រៀល​ចំនួន​១​៣​ក្បាល​ ​ត្រូវ​បាន​ប្រទះឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំ​ផាត់​ ​ក្នុង​ខែ​នេះ

កាលពីថ្ងៃទី៣០ ខែមករា ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) ក្នុងខេត្តរតនគិរី បានប្រទះឃើញសត្វក្រៀលចំនួន១៣ ក្បាលខណៈកំពុងធ្វើជំរឿនសត្វស្លាបទាំងនេះ ក្នុងរដូវមិនបង្កាត់ពូជនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

ចំនួននេះគឺច្រើនជាងទ្វេដងពីខែមករា ឆ្នាំ២០២៣ ដែលនៅពេលនោះមានតែសត្វក្រៀល ៦ក្បាល ប៉ុណ្ណោះ ដែលត្រូវបានកត់ត្រា។

សត្វក្រៀល១៣ ក្បាល ដែលក្នុងនោះមានកូនចំនួន ៥ក្បាល ត្រូវបានគេសង្កេតឃើញហោះហើរ លេង ឆ្លើយឆ្លងគ្នា និងស្វែងរកចំណីនៅក្នុងភូមិគោលដៅរបស់គម្រោងរេដបូក (REDD+)។ ភូមិទាំងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ទីភ្នាក់ងារ USAID មរតកបៃតង និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ក្នុងការអភិវឌ្ឍន៍គម្រោង REDD+ នៅក្នុងស្រុកលំផាត់។

សត្វក្រៀល ត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List of Threatened Species) ប្រភេទកំពុងទទួលរងការគំរាមកំហែង។ សត្វស្លាបទាំងនេះក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការបាត់បង់នៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារតែការបាត់បង់ទីជម្រក ដោយមានចំនួនតិចជាង១០០ក្បាល ប៉ុណ្ណោះ នៅក្នុងប្រទេសកាលពីឆ្នាំមុន។

បច្ចុប្បន្ន ទីភ្នាក់ងារ USAID មរតកបៃតង សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា អង្គការជីវិតធម្មជាតិនៅកម្ពុជា និង Rising Phoenix កំពុងធ្វើការដើម្បីការពារប្រភេទសត្វព្រៃ និងជម្រករបស់ពួកគេ តាមរយៈការពង្រឹងការគ្រប់គ្រងព្រៃឈើ និងការគ្រប់គ្រងធនធានសត្វព្រៃនៅដែនជម្រកសត្វព្រៃលំផាត់ កែវសីមា និងសៀមប៉ាង។

ដកស្រង់ពី៖ ខ្មែរថាមស៍