ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​ ​ធ្វើ​សវនកម្ម​ខាងក្រៅ​នៃ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន​អង្គរ​ ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

សវនកម្មខាងក្រៅនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរកាលពីម្សិលមិញនៅទីស្នាក់ការកណ្តាលនៃអាជ្ញាធរជាតិអប្សរាត្រូវបានធ្វើឡើងដោយមានការចូលរួមពីស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance-JQA) រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

គោលបំណងនៃសវនកម្មខាងក្រៅនេះ គឺដើម្បីបន្តវិញ្ញាបនបត្រដល់អាជ្ញាធរជាតិអប្សរា ក្នុងការអនុវត្តបេសកកម្មថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ។ ក្នុងនោះមានការពិនិត្យឯកសារ សម្ភាសជាមួយបុគ្គលិកទូទៅ និងការចុះពិនិត្យតាមការដ្ឋានផ្សេងៗក្នុងរមណីយដ្ឋានអង្គរ។

ការធ្វើសវនកម្មខាងក្រៅនេះ មានការចូលរួមពីលោក ឡុង កុសល អគ្គនាយករង តំណាងលោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរូ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័នធានាគុណភាពជប៉ុន និងសវនករ លោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងផ្នែកបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ក៏ដូចជាប្រធាននាយកដ្ឋាន និងអ្នកផ្សព្វផ្សាយបរិស្ថានមកពីគ្រប់នាយកដ្ឋានពាក់ព័ន្ធ។

ដកស្រង់ពី៖ ខ្មែរថាមស៍