នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៥៦០នាក់ បានចូលចតនៅខេត្តព្រះសីហនុលើកទី២

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៥៦០នាក់ មកលេងកម្សាន្តប្រទេសកម្ពុជាលើកទី២ រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។

នាវានេះ មានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៤៧សញ្ជាតិ) ៤២៥នាក់ (ស្រី១០២) មានផ្ទុកភ្ញៀវទេសចរចំនួន ៥៦០នាក់ ស្រី២៨៥ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ២៨សញ្ជាតិ។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ ក៏ធ្លាប់ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយកាលណោះផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ មានចំនួននាវិកចម្រុះជាតិសាសន៍ (៣០សញ្ជាតិ) ៥៥២នាក់ (ស្រី២៧៨) មានផ្ទុកភ្ញៀវទេសចរចំនួន ៤២៥នាក់ ស្រី១០៨ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ៥០សញ្ជាតិ៕

ដកស្រង់ពី៖Fresh News