អាជ្ញាធរជាតិអប្សរាបានបង្កើតផ្លូវសម្រាប់ដំណើរកម្សាន្តនៅក្នុងព្រៃធម្មជាតិនៃសួនរុក្ខជាតិអង្គរ ដែលជាគោលដៅទេសចរណ៍ថ្មីមួយទៀតនៅក្រុងសៀមរាប។ វាជាផ្លូវសម្រាប់ដំណើរកម្សាន្តថ្មីដែលបន្ថែមលើសពីការទស្សនាប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពីម្សិលមិញថា ផ្លូវសម្រាប់ដំណើរកម្សាន្តថ្មីសម្រាប់ទេសចរដែលបានទស្សនាសួនរុក្ខជាតិអង្គររួច ហើយពួកគាត់អាចធ្វើដំណើរតាមកម្សាន្តតាមផ្លូវក្នុងព្រៃធម្មជាតិទៅកាន់ប្រាសាទអង្គរវត្ត ឬពេលពួកគាត់បញ្ចប់ការទស្សនាប្រាសាទអង្គរវត្តរួចហើយអាចធ្វើដំណើរកម្សាន្តក្នុងព្រៃធម្មជាតិទៅទស្សនាសួនរុក្ខជាតិអង្គរក៏បាន។
លោកថា ការបង្កើតផ្លូវសម្រាប់ដំណើរកម្សាន្តនៅក្នុងព្រៃធម្មជាតិនឹងផ្ដល់ភាពប្លែកអារម្មណ៍ដល់ទេសចរដើរកម្សាន្តនិងស្វែងយល់អំពីជីវចម្រុះនៅក្នុងព្រៃធម្មជាតិដោយឥតគិតថ្លៃ។
លោកនិយាយថា៖ «គោលបំណងបង្កើតផ្លូវសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ដោយសារតែយើងយល់ឃើញថាបច្ចុប្បន្ននេះ ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិមានទំនោរលើទេសចរណ៍ដោយថ្មើរជើងដើម្បីសុខភាព។ ដូច្នេះពួកគាត់ដើរកម្សាន្តតាមផ្លូវនៅក្នុងព្រៃធម្មជាតិនេះធ្វើឱ្យពួកគាត់បានមកនៅជិតធម្មជាតិ ហើយទទួលបាននូវសុខភាពល្អទៀតផង»។
លោកបន្ថែមថា៖ «យើងរៀបចំបែបនេះដើម្បីទេសចរដែលនឿហត់ពីការងារអាចមកដើរកម្សាន្តនៅក្នុងព្រៃធម្មជាតិ ដែលផ្ដល់ភាពស្រស់ស្រាយដល់ពួកគាត់»។
លោកបានបញ្ជាក់ថា៖ «នៅតាមផ្លូវសម្រាប់ដំណើរកម្សាន្តនោះក៏បានរៀបចំកន្លែងឈប់សម្រាកជើងរបស់ទេសចរផងដែរ ពីព្រោះផ្លូវសម្រាប់ដំណើរកម្សាន្តក្នុងព្រៃធម្មជាតិនោះមានចម្ងាយឆ្ងាយ»។
លោករំពឹងថា គោលដៅទេសចរណ៍ថ្មីនេះនឹងទាក់ទាញទេសចរជាតិនិងអន្តរជាតិមកដើរលេងកម្សាន្ត ព្រោះកន្លងមកការទស្សនារវាងប្រាសាងអង្គរវត្តនិងសួនរុក្ខជាតិអង្គរនៅដាក់ដោយឡែកពីគ្នា។ ឥឡូវនេះវាបានតភ្ជាប់គ្នាដោយផ្លូវសម្រាប់ដំណើរកម្សាន្តដោយថ្មើរជើងក្នុងព្រៃធម្មជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុកពីម្សិលមិញថា គោលដៅទេសចរណ៍ថ្មីនេះ អាជ្ញាធរជាតិអប្សរាបានពង្រីកវិសាលភាពនៃសួនរុក្ខជាតិអង្គរដែលបច្ចុប្បន្នមានទំហំ១៥ហិកតារហូតជាង១៥០ហិកតា ដើម្បីផ្ដល់ឱកាសដល់ទេសចដើរកម្សាន្តនិងស្វែងយល់អំពីជីវចម្រុះនៅក្នុងព្រៃ។
លោកបាននិយាយបន្តថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជាដែលពោរពេញដោយសក្តានុពលទេសចរណ៍ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិដែលកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាលក្នុងការរៀបចំនិងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាកាន់តែល្អប្រសើរនិងសម្បូរបែប ដើម្បីបំពេញតម្រូវការនិងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្តទីនោះ៕
ដកស្រង់ពី៖ ខ្មែរថាមស៍