ក្រសួង​ទេសចរណ៍​ ​បើក​កិច្ចប្រជុំ​ពេញអង្គ​លើកដំបូង​ ​ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ

កាលពីម្សិលមិញ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំពេញអង្គលើកដំបូងរបស់ខ្លួន ជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាអំពីការកែសម្រួលក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីសម្រួលដល់អ្នកដំណើរ និងភ្ញៀវទេសចរនៅតាមច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស។

ក្រុមប្រឹក្សាទេសចរណ៍កម្ពុជានឹងមានតំណាងពីររូបមកពីសមាគមឧកញ៉ាកម្ពុជា មួយរូបមកពីសភាពាណិជ្ជកម្មកម្ពុជា បីរូបមកពីសមាគមទេសចរណ៍កម្ពុជា និងមួយរូបទៀតមកពីក្រុមហ៊ុន Cambodia Angkor Air ក្រុមហ៊ុន AirAsia Cambodia ព្រលានយន្តហោះ VINCI និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co Ltd។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយវិស័យទេសចរណ៍ឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩ និងលើកកំពស់វិស័យឧស្សាហកម្មនេះ ទៅជាវិស័យអាទិភាពដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាការកំណត់យុទ្ធសាស្រ្តនិងគោលនយោបាយមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន មកកាន់ប្រទេសប្រទេស។

លោកបានរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល រួមទាំងជំនួបរវាងឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងវិស័យឯកជនកាលពីខែវិច្ឆិកាឆ្នាំមុន កម្មវិធីឆ្នាំផ្លាស់ប្តូរប្រជាជន ចិន-កម្ពុជាកាលពីខែមុន និងប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ដែលបានក្លាយជា គម្រោងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយតភ្ជាប់ភ្ញៀវទេសចរពីគោលដៅនានា នៅទូទាំងពិភពលោក។

លោក សុខ សូកេន បានគូសបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងលើកដំបូងនេះ ផ្តោតសំខាន់លើការប្រមូលព័ត៌មាន និងកត្តាសំខាន់ៗ ដើម្បីជួយសម្រួលដល់ អ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិ នៅច្រកទ្វារព្រំដែន ដោយកែសម្រួលគណៈកម្មាធិការទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលផ្អាកក្នុងអំឡុងវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “បន្ទាប់ពីទទួលបានរបាយការណ៍សំខាន់ៗទាំងអស់ដោយផ្អែកលើការពិតដែលកើតឡើងនៅព្រំដែនទាំងអស់នោះ ខ្ញុំនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយតំណាងវិស័យឯកជននៅល្ងាចនេះ ដោយជ្រើសរើសសមាសភាពក្រុមការងារទេសចរណ៍”។

គោលបំណងនៃកិច្ចប្រជុំពេញអង្គលើកទី១ គឺដើម្បីពន្លឿននីតិវិធីនៅច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចឱ្យភ្ញៀវទេសចរក្នុងស្រុក និងបរទេសអាចចេញចូលប្រទេសបានដោយរីករាយ ដោយបញ្ជៀសនូវឧបសគ្គ និងដំណើរការមិនចាំបាច់ ដែលធ្វើឱ្យយឺតយ៉ាវដល់ផែនការរបស់អ្នកដំណើរ។

លោករដ្ឋមន្ត្រី បានពន្យល់ថា គណៈកម្មាធិការទេសចរណ៍កម្ពុជា នឹងមានសមាជិកចំនួន ១៤រូប ដែលក្នុងនោះ ៧រូប នឹងផ្តល់ជូនតំណាងផ្នែកឯកជន ៧រូបទៀត ទុកសម្រាប់វិស័យសាធារណៈ និង១រូប សម្រាប់ក្រសួងទេសចរណ៍។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមកពីរាជធានី-ខេត្តនានាទូទាំងប្រទេស។

ដកស្រង់ពី៖ ខ្មែរថាមស៍