អាជ្ញាធរ​ជាតិ​អប្សរា​ ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ទី​២​ ​នៃ​ប្រាសាទ​ប្រែរូប​

ក្រុមការងារជួសជុលពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុល និងពង្រឹងខ្លោងទ្វារខាងកើតទី២ នៃប្រាសាទប្រែរូប។

យោងតាម អាជ្ញាធរជាតិអប្សរា ដែលថ្លែងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤បានឱ្យដឹងថា ក្នុងការងារជួសជុលនេះ អ្នកបច្ចេកទេសបានបំពេញការងារសំខាន់ៗចំនួនពីរគឺ ជួសជុល និងពង្រឹងតួប៉មឥដ្ឋដែលបាក់បែក ពង្រឹងរចនាសម្ព័ន្ធថ្មភក់ និងថ្មបាយក្រៀមខាងក្រោម និងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងដើម្បីការពារជ្រាបទឹកផងដែរ។

នេះជាផ្នែកមួយនៃការងារអភិរក្សដែលអាជ្ញាធរជាតិអប្សរាបាននិងកំពុងអនុវត្តជាប្រចាំ ដើម្បីរក្សាតម្លៃប្រាសាទ និងរក្សាសុវត្ថិភាពភ្ញៀវទេសចរណ៍។

ប្រាសាទប្រែរូប ត្រូវបានកសាងឡើងនៅចុងសតវត្សទី១០ នៃគ្រិស្តសករាជ ៩៦១ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដែលមានព្រះនាមថា «សិវលោក» ដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនា។

ដកស្រង់ពី៖ ខ្មែរថាមស៍