​ក្រសួងបរិស្ថាន​កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​តំបន់​ទេស​​ចរណ៍​ភ្នំ​គូលែន​ សំដៅ​លើកកម្ពស់​ជីវភាព​សហគមន៍​

សៀមរាបៈ ក្រសួងបរិស្ថានកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន»។

នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន។ លោកបានចុះពិនិត្យលើគោលដៅសំខាន់មួយចំនួនរួមមាន៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន ពើងថ្មជ្រួញ ទីតាំងបោះតង់អូរតាចក់ ពិនិត្យទីតាំងវត្តចាស់ ជាទីដែលមានភាពទាក់ទាញនៃធម្មជាតិ ទឹកជ្រោះ ល្អាងថ្ម និងពើងធម្មជាតិបង្កប់រូបចម្លាក់បុរាណ ជាពិសេសចម្លាក់បាតស្ទឹងជាស្នាដៃសិល្បៈដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរបានបង្កប់អត្ថន័យសំខាន់ៗ ខាងជំនឿសាសនា ធ្វើឱ្យមានការចាប់អារម្មណ៍ទាំងមជ្ឈដ្ឋានជាតិ និងអន្តជាតិ។

នៅក្នុងវេទិកាលើកទី ១៩ នៃរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកំណត់យកឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ធម្មជាតិ។ ដោយអនុលោមតាម «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគ្រឹះនៃ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឆ្នាំ ២០២៣-២០២៨ ទើបក្រសួងបរិស្ថាន បានរៀបចំកម្មវិធីចុះសិក្សាស្វែងយល់ព័ត៌មានជាមូលដ្ឋានសម្រាប់ការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់នេះ។ ក្រសួងបរិស្ថានបញ្ជាក់ថា៖ «ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ជាតំបន់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្ត្រជាច្រើនកន្លែងមានដូចជា ប្រាសាទបុរាណ ស្ថានីយបុរាណ ធនធានធម្មជាតិ និងប្រព័ន្ធជីវចម្រុះដ៏សម្បូរបែប ជាពិសេសជាតំបន់ដែលបង្កប់ទៅដោយជំនឿ ប្រពៃណីរបស់ជនជាតិខ្មែរតាំងពីបុរាណកាលមក»។

ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន។ រូបថត ហ្វេសប៊ុក លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» មានភាពល្បីល្បាញដោយសារជាទីតាំងប្រវត្តិសាស្ត្រ ជាតំបន់បេតិកភណ្ឌវប្បធម៌ និងជាប្រភពទឹកដ៏មានសារៈសំខាន់សម្រាប់ខេត្តសៀមរាប។ កិច្ចសហការ និងភាពច្បាស់លាស់ នៅក្នុងការគ្រប់គ្រងឧទ្យានជាតិនេះ ជាពិសេសការរៀបចំ និងការថែទាំ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិ និងវប្បធម៌។

លោកស្រីថា៖ «ភ្នំគូលែន ជាកន្លែងពេញនិយមសម្រាប់ការគោរពបូជាដែលត្រូវបានប្រជាជនខ្មែរចាត់ទុកថា ជាភ្នំពិសិដ្ឋ បំផុតនៅកម្ពុជា និងជាដែនដីកំណើតនៃកម្ពុជា។ ប្រាសាទបុរាណ និងទីតាំងសក្ការៈជាច្រើនកន្លែង ដែលមានវ័យចំណាស់ចាប់ពីសតវត្សរ៍ទី៨ និងទី៩ មក,ទីតាំងទឹកធ្លាក់ វត្តព្រះអង្គធំ បដិមាព្រះពុទ្ធចូលនិពា្វនដ៏ធំ និងស្ទឹង «លឹង្គមួយពាន់» រួមទាំងទីតាំងបុរាណស្ថានក្បាលស្ពាន សុទ្ធសឹងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរច្រើនពាន់នាក់ មកទស្សនាជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃបុណ្យចូលឆ្នាំ»។

បើយោងតាមក្រសួងបរិស្ថាន ក្រោមការគាំទ្ររបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បាននិងកំពុងជួយលើការរៀបចំផែនការ និងគ្រប់គ្រងតំបន់ការពារធម្មជាតិ (ពង្រឹងការអនុវត្តច្បាប់ សាងសង់ស្នាក់ការ) សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍។ ក្នុងនោះរួមមាន សាងសង់ផ្លូវកៅស៊ូប្រវែង ១៤ គ.ម អគារពហុបំណង (អាហារដ្ឋាន និងសាលប្រជុំ) ទីលានបោះជំរំការរៀបចំប្រព័ន្ធផ្លូវទស្សនាចរណ៍ ក្លោងទ្វា ចំណតយានយន្ត ខ្យូសលម្ហែកាយ តូបលក់អាហារជាដើម និងចូលរួមជួយពង្រឹងខ្សែច្រវាក់ទេសចរណ៍ នៅសហគមន៍តំបន់ការពារធម្មជាតិចំនួន ៥៕

ដកស្រង់ពី៖ភ្នំេពេញ បុស្តិ៍