អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ស​ម្អា​ត​និង​ចុះបញ្ជី​ថ្ម​នៅ​ប្រាសាទ​អ្នកតា​វាំង

ប្រាសាទអ្នកតាវាំង ឬអ្នកស្រុកហៅប្រាសាទគោកតាវាំង ជាប្រាសាទតូចមួយ មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រាសាទនេះ បានបែកបាក់ បាត់បង់រូបរាងស្ទើរទាំងស្រុងទៅហើយ ដោយសារកត្តាជាច្រើន មានធម្មជាតិ អាយុកាល និងកត្តាមនុស្សជាដើម។

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមសម្អាត និងចុះបញ្ជីថ្ម ដើម្បីអភិរក្សសំណង់បុរាណ ស្វែងរកថ្ម រួចធ្វើការសម្អាត និងអាចរៀបផ្គុំប្រាសាទឱ្យមានរូបរាងឡើងវិញ។

លោក រស់ វិសុទ្ធ មន្ត្រីអភិរក្សប្រាសាទភ្នំក្រោម បានឱ្យដឹងថា ជាងមួយខែមកហើយ ដែលក្រុមការងារបស់លោក បានចុះមកកាន់ទីតាំងប្រាសាទអ្នកតាវាំង ពិនិត្យមើលកិច្ចការងារមួយចំនួន ដើម្បីអភិរក្សប្រាសាទ ដែលរងការខូចខាតទ្រុឌទ្រោម នៅសល់តែគ្រឹះខាងក្រោម ថ្មធ្លាក់រាយប៉ាយ និងមានការរំលោភបំពាន ពីសំណាក់ពលរដ្ឋរស់នៅក្បែរៗនោះ ដោយបានចាក់ដីលុប និងសាងសង់សំណង់ថ្មីពីលើ។

តាមលោក រស់ វិសុទ្ធ ក្រៅពីការងារបោសសម្អាត នៅជុំវិញបរិវេណប្រាសាទ ក្រុមការងារកំពុងធ្វើបច្ចុប្បន្នភាពទៅលើថ្មដែលនៅរាយប៉ាយ ធ្វើការសម្អាតថ្ម បង់លេខថ្ម ទើបចុះបញ្ជី ដើម្បីបានបែងចែកទៅតាមប្រភេទថ្មផ្សេងៗ និងរៀបចំផ្គុំថ្មឡើងវិញ។

សូមបញ្ជាក់ថា តាមរយៈឯកសារសាលាបារាំងចុងបូព៌ាបញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៧២ បារាំងធ្លាប់បានមកធ្វើកំណាយស្រាវជ្រាវនៅលើទីតាំងនេះ ម្តងរួចមកហើយ កាលនោះនៅកំពូល ខាងលើប្រាសាទ មានសំណងសំណង់ប្រក់ក្បឿង សម្រាប់គោរបូជាអ្នកតា៕

ដកស្រង់ពី៖ ខ្មែរថាមស៍