ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថាននៅចុងឃ្នៀស ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤

(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានបើកយុទ្ធនាការសម្អាតបរិស្ថាន នៅចុងឃ្នៀស ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង»។

ពិធីនេះដឹកនាំដោយលោក ហ៊ួត រិទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ.) និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង, លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប, លោក ធា សថានី អភិបាលរងក្រុងសៀមរាប និងមានការចូលរួមពីមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន នគរបាលចរាចរណ៍ផ្លូវទឹក រដ្ឋបាលសង្កាត់ចុងឃ្នៀស គណៈកម្មការសម្អាតសំរាមចុងឃ្នៀស សមាគមកាណូត អង្គការទំពាំងស្នងឫស្សី ក្រុមអុំទូកកូរ៉េ ក្រុមហ៊ុនអ៊ែកធីវហ្គ្រីន លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសបើកយុទ្ធនាការសម្អាតនេះលោក យុន លីនណេ បានថ្លែងអំណរគុណគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលបានសហការរៀបចំយុទ្ធនាការកម្ពុជាស្អាតនាថ្ងៃនេះ ក្នុងគោលបំណងចូលរួមអបអរសាទរពិធីបុណ្យទន្លេ លើកទី៨ និងរួមចំណែកជំរុញភាពស្អាត ក្នុងក្រុងសៀមរាប ជាពិសេសតំបន់បឹងទន្លេសាប ដែលជាតំបន់ទាក់ទាញទេសចរណ៍ក្រៅពីប្រាសាទ។

លោក យុន លីនណេ បានបន្តថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជាពិសេសដោយមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីស្ថាប័នជំនាញនានា ថែមទាំងមានកិច្ចសហការល្អជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ជាពិសេសការរួមចំណែកគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋផងដែរ។ លោក ហ៊ួត រិទ្ធី បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត មានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» នៅតំបន់សហគមន៍ទេសចរណ៍ចុងឃ្នៀស។

លោក ហ៊ួត រិទ្ធី បានបន្តថា ដើម្បីអភិវឌ្ឍន៍សហគមន៍ចុងឃ្នៀស ឱ្យក្លាយជាសហគមន៍មួយដែលមានសក្តានុពលទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកាន់តែច្រើន បន្ទាប់ពីការទស្សនា ប្រាសាទនៅក្នុងខេត្តសៀមរាប ជាពិសេសដើម្បីអបអរសាទរពិធីបុណ្យទន្លលើកទី៨ នៅខេត្តសៀមរាបនេះ យើងត្រូវមានចេះថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

លោក ហ៊ួត រិទ្ធី បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមបញ្ឈប់ការចោលសំរាមឥតសណ្តាប់ធ្នាប់ ដើម្បីចូលរួមថែរក្សាបរិស្ថានធម្មជាតិ និងសោភ័ណភាពទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ យើងក៏ត្រូវការជាចាំបាច់នូវការបង្កើនការអប់រំ និងបន្តបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាមនៅក្នុងសហគន៍ផងដែរ។ យុទ្ធនាការសម្អាតបរិស្ថាននេះ ត្រូវបានបែងចែកជា៣ក្រុម៖ ក្រុមទី១-ក្រុមសម្អាតលើគោកប៉ែកខាងជើងកំពង់ផែទេសចរណ៍ចុងឃ្នៀស ក្រុមទី២-ក្រុមសម្អាតលើគោកប៉ែកខាងត្បូងកំពង់ផែទេសចរណ៍ចុងឃ្នៀស ក្រុមទី៣-ក្រុមសម្អាតក្នុងទឹក។ ក្នុងនោះដែរ មានសំរាមប្រមាណជាង១តោន ត្រូវបានប្រមូលចេញពីតំបន់សហគមន៍ទេសចរណ៍ចុងឃ្នៀសទាំងសំរាមលើគោក និងសំរាមក្នុងទឹក៕

ដកស្រង់ពី៖Fresh News