សណ្ឋាគារ​មួយ​នៅ​ខេត្ត​សៀមរាប​ទទួល​បាន​ចំណាត់ថ្នាក់​ដ៏​ល្អ​ពី​ ​Trip​A​d​visor​

ក្រោមការដឹកនាំរបស់អ្នកគ្រប់គ្រសណ្ឋាគារដែលត្រូវបានអញ្ជើញអោយចូលក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សណ្ឋាគារនៅខេត្តសៀមរាបមួយបានទទួលចំណាត់ថ្នាក់ដ៏មានមោទនភាពមួយទៀត។TripAdvisor បានចាត់ចំណាត់ថ្នាក់សណ្ឋាគារJaya House River Park នៅលេខរៀងទី១៨ ក្នុងបញ្ជីសណ្ឋាគារឈានមុខគេនៅលើពិភពលោក។

TripAdvisor បានលើកឡើងពីសណ្ឋាគារJaya House River Park ថាជា “សណ្ឋាគារដ៏លេចធ្លោដែលមានការការប្តេជ្ញាចិត្តខ្ពស់ចំពោះចីរភាព” ដែលធ្វើឱ្យសណ្ឋាគារនេះទទួលបានលេខរៀងទី១៨ ដែលជាការកើនឡើងចំនួន៧លេខនៃចំណាត់ថ្នាក់របស់ខ្លួនកាលពីឆ្នាំមុន។ ក្រៅពីនេះ សណ្ឋាគារបានឈ្នះពានរង្វាន់កិត្តិយសផ្សេងទៀតដូចជាចំណាត់ថ្នាក់ទី១៣ ជាសណ្ឋាគារប្រណិតល្អបំផុតក្នុងពិភពលោក ចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមសណ្ឋាគារល្អបំផុតនៅអាស៊ី ចំណាត់ថ្នាក់ទី៧ ក្នុងបញ្ជីសណ្ឋាគារប្រណិតល្អបំផុតនៅអាស៊ី ហើយនិងចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសណ្ឋាគារល្អបំផុតនៅកម្ពុជា។

កាលពីសប្តាហ៍មុន Christian de Boer ប្រធានគ្រប់គ្រងសណ្ឋាគារនេះត្រូវបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងកម្មវិធីជជែកពិភាក្សាជាមួយលោកRichard Quest មកពីCNN International។ ក្នុងកិច្ចពិភាក្សានេះ លោក de Boer បានពន្យល់អំពីមូលហេតុដែលសណ្ឋាគាររបស់លោកប្រកាន់យកជំហរមិនប្រើផ្លាស្ទិច និងលើកឡើងពីអាទិភាពក្នុងការរក្សាបុគ្គលិកអោយបានធ្វើការពេញម៉ោងជាជាងការចំណាយមិនសមរម្យទៅលើការធ្វើដំណើរ និងចូលរួមកិច្ចប្រជុំផ្សេងៗ នៅក្នុងឱកាសនេះលោក de Boer បានលើកឡើងថា ការប្រើប្រាស់ផ្លាស្ទិចគឺជាអ្វីដែលយើងអាចបំបាត់បាន។

លោក de Boer បានបន្តថា “ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលជាថ្មីម្តងទៀតសណ្ឋាគាររបស់ខ្ញុំត្រូវបានជាប់ឆ្នោតជាសណ្ឋាគារកំពូលលំដាប់២៥មកពីជុំវិញពិភពលោក (និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេល៦ឆ្នាំជាប់គ្នា) ដូចដែលត្រូវបានបោះឆ្នោតដោយភ្ញៀវ និងអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក” ។

វាក៏ជាសក្ខីភាពមួយក្នុងការដំណើរការសណ្ឋាគារ ដោយជួលតែជនជាតិខ្មែរអោយបំពេញការងារនៅគ្រប់ផ្នែកនៃប្រតិបត្តិការរបស់ពួកគេ។ Jaya House River Park មិនជួល “ទីប្រឹក្សា” ជាជនជាតិបរទេសទេ ហើយមានតែបុគ្គលិកជនជាតិខ្មែរប៉ុណ្ណោះ។

នៅពេលដែលវិស័យទេសចរណ៍ក្នុងពេលបច្ចុប្បន្នកំពុងងើបឡើងវិញ លោក de Boer បានបង្ហាញជំនឿក្នុងពេលអនាគត។ លោកក៏មានសុទិដ្ឋិនិយមផងដែរអំពីការវិវត្តន៍នៃវិស័យទេសចរណ៍នៅពេលខាងមុខ។

TripAdvisor បានពណ៌នាអំពីបន្ទប់សណ្ឋាគាររបស់លោកថាជាបន្ទប់ដ៏ស្រស់ស្អាត ដោយបានលើកឡើងអំពីសម្ភារៈអនាម័យ បន្ថែមពីលើកន្លែងស្ប៉ាដំណើរកម្សាន្តជិះកង់ អាងហែលទឹក បុគ្គលិកមានការយកចិត្តទុកដាក់ និងគោលការណ៍មិនប្រើផ្លាស្ទិក រួមជាមួយនឹងការប្រើប្រាស់ដបទឹកអាលុយមីញ៉ូម។

សណ្ឋាគារ Colline de France ទីក្រុង Gramadoប្រទេសប្រេស៊ីលបានជាប់ចំណាត់ថ្នាក់កំពូលជាសណ្ឋាគារល្អបំផុតនៅលើពិភពលោក ដោយមានសេវាកម្មល្អ បន្ទប់ផាសុកភាពក្នុងចំណោមលក្ខខណ្ឌវិនិច្ឆ័យផ្សេងទៀត។ ការពិនិត្យរបស់Tripadvisorក្នុងការជ្រើសរើសពីបញ្ជីឈ្មោះសណ្ឋាគារចំនួន៨លានសណ្ឋាគារ ក្នុងរយៈពេល១២ ខែ ដែលក្នុងនោះមានតែមួយភាគរយប៉ុណ្ណោះដែលអាចឈានទៅរកជ័យជំនះបាន។

សម្រាប់ Jaya House River Park វាគឺជាឆ្នាំទី៥ ជាប់ៗគ្នាដែលវាត្រូវបានទទួលស្គាល់ដោយ TripAdvisor ។ វាបានជាប់ចំណាត់ថ្នាក់លេខ ៨ នៅអាស៊ីផងដែរ ក្រៅពីចំណាត់ថ្នាក់កំពូលនៅកម្ពុជា។ ចំណាត់ថ្នាក់ផ្សេងតៀតមាននៅក្នុងលំដាប់កំពូលទាំងបីនៅលើពិភពលោកគឺ Oblu Select Lobigili នៅ Maldives និង La Siesta Hoi An Resort and Spaនៅ Hoi An ប្រទេសវៀតណាមស្ថិតនៅលំដាប់ទីពីរ និងទីបី។

ដកស្រង់ពី៖ ខ្មែរថាមស៍