ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ ​កើន​ឡើង ​៤​១ ​ភាគរយ​ ​ក្នុងរយៈពេល​ ៤​ ខែ​ដំបូង​

ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា បានកើនឡើង ៤១ ភាគរយ ក្នុងរយៈពេល ៤ខែដំបូង នៃឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍ពីសហគ្រាសរដ្ឋអង្គរនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៤។

របាយការណ៍បានឱ្យដឹងថា ប្រាសាទអង្គរវត្តទទូលបានភ្ញៀវទេសចរបរទេសចំនួន ៤២១,៣៧៩នាក់ ក្នុងអំឡុងពេលខែមករាដល់ខែមេសាឆ្នាំនេះ កើនឡើង៤១ភាគរយ ពីចំនួន ២៩៨,៩៩៨នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបន្ថែមថា ប្រាក់ចំណូលពីការលក់សំបុត្ររបស់រមណីដ្ឋានបុរាណអង្គរ មានចំនួន ១៩,៩ លានដុល្លារ កើនឡើង ៤២ភាគរយ ពី ១៤លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានឱ្យដឹងថា ប្រទេសចិនគឺជាប្រភពភ្ញៀវទេសចរអន្តរជាតិដ៏សំខាន់បំផុតទីប្រាំ មកកាន់រមណីដ្ឋានបុរាណអង្គរ បន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងកូរ៉េខាងត្បូង។

របាយការណ៍បានបន្ថែមថា ភ្ញៀវទេសចរណ៍ចិនចំនួន ២៨,១៧២ នាក់ បានមកទស្សនាឧទ្យានអង្គរ កើនឡើង ៥៣ភាគរយ ពីចំនួន ១៨,៤៣៧នាក់។

ស្ថិតនៅភាគពាយ័ព្យនៃខេត្តសៀមរាប ឧទ្យានបុរាណអង្គរដែលមានទំហំ ៤០១ គីឡូម៉ែត្រការ៉េ ដែលមានប្រាសាទបុរាណចំនួន៩១ ដែលត្រូវបានសាងសង់ពីសតវត្សទី៩ ដល់សតវត្សទី១៣។

ប្រាសាទអង្គរវត្តដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤» ឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ក្នុងគោលបំណងស្តារវិស័យទេសចរណ៍ឡើងវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅក្នុងសន្ទរកថា ក្នុងពិធីបើកយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” ក្នុងខែមីនា ថា “គំនិតផ្តួចផ្តើមទាំងនេះនឹងផ្តល់ការជំរុញដល់វិស័យទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនមកកម្ពុជាជាទូទៅ និងមកទស្សនាប្រាសាទអង្គរវត្ត ជាពិសេស”។

លោកបានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលវិនិយោគដោយចិន ដែលបានបើកដំណើរការជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំមុន កំពុងក្លាយជាមេដែកដ៏មានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រាសាទអង្គរវត្ត។

ជាមួយនឹងផ្លូវរត់ប្រវែង ៣៦០០ ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិកម្រិត 4E បច្ចុប្បន្នគឺជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ព្រះរាជាណាចក្រ និងជាច្រកអន្តរជាតិដ៏សំខាន់ទៅកាន់ប្រាសាទអង្គរវត្ត។

ដកស្រង់ពី៖ ខ្មែរថាមស៍