ចម្លែកៈ ចិន​មក​លេង​អង្គរ​តិច​ជាង​អា​មេ​រិ​ក

ភ្ញៀវទេសចរចិនដែលបាននាំគ្នាមកលេងនៅរមណីដ្ឋានអង្គរនៅ៤ខែដើមឆ្នាំនេះ មានចំនួនតិចជាងភ្ញៀវទេសចរមកពីបស្ចឹមប្រទេសទោះបីជាចិនកំពុងតែគ្រប់គ្រងដំណើរការ និងប្រតិបត្តិការ អាកាសយានដ្ឋានថ្មីដែលទើបសម្ភោធក៏ដោយចុះ។

នៅក្នុងរយៈពេល៤ខែដើម ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរបានអះអាងថា ភ្ញៀវទេសចរបរទេស ដែលបានមកដើរលេងច្រើនជាងគេ នៅរមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុង ឃ្នៀស គឺជាបស្ចឹមប្រទេស ។

តាមការបង្ហើបរបស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅក្នុងចំណោមភ្ញៀវទេសចរបរទេសកំពូល ទាំង៥ ដែលបានចំណាយថវិកាពី៣៧ដុល្លាររហូតដល់ទៅ៧២ដុល្លារ ដើម្បីកម្សាន្តនៅរមណីដ្ឋានខាងលើមានជនជាតិអាមេរិក អង់គ្លេស និងបារាំង ខណៈដែលកូរ៉េខាងត្បូង គឺនៅលំដាប់ទី៤ ហើយចិននៅលំដាប់ទី៥ ។ ប្រភពដដែលបានបន្តទៀតថា ទិន្នន័យផ្លូវការបង្ហាញថា ឧទ្យានបុរាណអង្គរដ៏ល្បីល្បាញ របស់កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន៤២១.៣៧៩ នាក់ ចាប់ពីខែមករាដល់ ខែមេសា កើនឡើង៤១ ភាគរយធៀបនឹងឆ្នាំមុន ។

ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍នេះទីភ្នាក់ងារព័ត៌មានចិនបានបញ្ជាក់ថា ភ្ញៀវទេសចរចិនបានវិលមកខេត្តសៀមរាបវិញជាមួយនឹងកំណើនគួរសម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ចំនួនភ្ញៀវទេសចរចិននៅទាបជាងប្រទេសឯទៀតនៅឡើយ។ ប្រភពដដែលបានឲ្យដឹងថា នៅក្នុងចន្លោះពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរ ចិនមកលេងនៅអង្គរ មានចំនួនត្រឹមតែ២៨.១៧២នាក់កើនឡើង៥៣ ភាគរយធៀបនឹងស្ថិតិចាស់ដែលមាន១៨.៤៣៧នាក់ ។

ទេសចរអាមេរិកមកអង្គរវិញមានចំនួន៤៤០០០នាក់ អង់គ្លេសមានចំនួនជិត៣៨ ០០០នាក់ ចំណែកបារាំងជិត៣៧០០០នាក់ ។ របាយការណ៍បានបន្ថែមថា ឧទ្យានធម្មជាតិ និងបេតិ្តកភ័ណ្ឌវប្បធម៌ដ៏ល្បីល្បាញមួយនេះបាន រកចំណូលជិត២០លានដុល្លារពីការលក់សំបុត្រពោល គឺមានការកើនឡើងរហូតដល់ទៅ៤២ភាគរយធៀបនឹងរយៈពេល១៤លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕

ដកស្រង់ពី៖កោះសន្តិភាព