អាជ្ញាធរ​ជាតិ​អប្សរា​បំភ្លឺ​ករណី​គ្រឿងចក្រ​ខ្នាត​ធំ​ជីក​កាយ​ដី​ស្ដារ​ស្រះ​ទឹក​បុរាណ​នៅ​ប្រាសាទបាយ័ន

ការស្ដារស្រះទឹកបុរាណនៅប្រាសាទបាយ័នកំពុងប្រព្រឹត្តយ៉ាងសកម្ម ខណៈមានការព្រួយបារម្ភពីផលប៉ះពាល់ប្រាសាទដោយសារតែការប្រើប្រាស់រថយន្តនិងគ្រឿងចក្រជីកកាយដីទ្រង់ទ្រាយធំចេញពីស្រះទឹកបុរាណនោះ ប៉ុន្តែអាជ្ញាធរជាតិអប្សរាបានបំភ្លឺថា អ្នកជំនាញបានធ្វើកំណាយត្រឹមត្រូវតាមបច្ចេកទេសរួចរាល់ហើយមុននឹងប្រើប្រាស់រថយន្តនិងគ្រឿងចក្រជីកកកាយដីចេញពីស្រះទឹកបុរាណនោះ។

លោក សុន ឆ័យ អនុប្រធានគណបក្សឆន្ទៈខ្មែរកាលពីសប្ដាហ៍មុនបានស្នើអាជ្ញាធរជាតិអប្សរាបំភ្លឺចំពោះករណីមានរយន្តនិងគ្រឿងចក្រកាយដីទ្រង់ទ្រាយធំចេញពីស្រះទឹកបុរាណនៅប្រាសាទបាយ័នដោយគ្មានអ្នកជំនាញបុរាណវិទ្យាតាមដានពីការធ្វើកំណាយស្របតាមគន្លងបច្ចេកទេសត្រឹមត្រូវនៅក្នុងតំបន់បុរាណដ្ឋាននោះ។

លោកព្រួយបារម្ភថា សកម្មភាពនេះធ្វើខុសបច្ចេកទេស ដែលអាចនាំឱ្យបែកបាក់ កក្រើក និងប៉ះពាល់ដល់ប្រាង្គប្រាសាទបាយ័ន ហើយការជីកដែលកាយយកចេញដីបែបនេះអាចមានវត្ថុបុរាណដោយទៅជាមួយ។

លោកបាននិយាយថា៖ «ការជីកកកាយដែលខ្ញុំធ្លាប់ឃើញក្រុមអ្នកបូរាណវិទូធ្វើ គឺគេប្រើឧបករណ៍តូចកាយដោយដៃនិងថ្នមណាស់ ព្រោះខ្លាចប៉ះឬបែកបាក់របស់តូចដែលពិបាកមើលឃើញ»។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឆ្លើយបំភ្លឺថា អាជ្ញាធរជាតិអប្សរាធ្លាប់បានផ្សព្វផ្សាយជាសាធារណៈរួចមកហើយពាក់ព័ន្ធនឹងការស្ដារស្រះទឹកបុរាណនៅមុខប្រាសាទបាយ័ន ហើយជាបច្ចេកទេសការងារ គឺមិនមែនដូចការចោទប្រកាន់ខាងលើទេ។

លោកថា មុននឹងប្រើប្រាស់រថយន្តនិងគ្រឿងចក្រជីកកាយដីចេញពីស្រះទឹកបុរាណ គឺបានធ្វើកំណាយបុរាណវិទ្យានិងសិក្សាឈ្វេងយល់ពីស្រទាប់ដីដោយអ្នកជំនាញរួចរាល់ហើយ។ ការធ្វើកំណាយបុរាណវិទ្យាក្នុងគោលបំណងឈ្វេងយល់ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ប្រាសាទ ក៏ដូចជារបស់បុរាណដែលមាននៅក្រោមស្រទាប់ដីនោះ។

លោកបន្ថែមថា ដោយសារតែការងារស្ដារស្រះបុរាណនេះមានទំហំធំធេង ម្ល៉ោះហើយអាជ្ញាធរជាតិអប្សរាសម្រេចប្រើប្រាស់គ្រឿងចក្រដើម្បីពន្លឿនការស្ដារស្រះទឹកបុរាណនេះ តែគ្រឿងចក្រនិងថរយន្តដែលប្រើប្រាស់នេះមិនប៉ះពាល់រចនាសម្ព័ន្ធនិងដីធម្មជាតិនៃស្រះទឹកបុរាណទេ ព្រោះតាមកំណាយបុរាណវិទ្យាបានដឹងពីជម្រៅដីធម្មជាតិនៃស្រះទឹកបុរាណនោះរួចហើយ។

លោកបានបញ្ជាក់ថា៖ «កិច្ចការងារនេះ គឺមានអ្នកជំនាញទាំងខាងផ្នែកបុរាណវិទ្យានិងវិស្វកម្មប្រចាំការនៅទីនោះគ្រប់ពេលវេលា ដើម្បីតាមដានកិច្ចការងារនេះ។ ដូច្នេះកិច្ចការងារនេះមិនប៉ះពាល់ដល់ដល់ស្ថានភាពនៃទម្ងន់ប្រាសាទទេ ហើយយើងបានឯកភាពការពិភាក្សារបស់គណៈកម្មការអាយស៊ីស៊ីអង្គរដែរ»។

តាមអាជ្ញាធរជាតិអប្សរា គម្រោងកំណាយស្តារស្រះខាងកើតប្រាសាទបាយ័នឡើងវិញបានប្រព្រឹត្តទៅបន្ទាប់ពីបានជម្លៀសបំណែកថ្មរាប់ម៉ឺនដុំនៅទីនោះកាន់ទីតាំងថ្មីរួចរាល់។

លោក គឹម សុធិន អ្នកបុរាណវិទ្យា ធ្លាប់បញ្ជាក់ថា ពេលក្រុមការងារអាជ្ញាធរជាតិអប្សរារើថ្មប្រាសាទបានមួយស្រទាប់ត្រូវធ្វើកំណាយបុរាណវិទ្យាមួយស្រទាប់ ហើយក្រុមការងាររើថ្មនិងធ្វើកំណាយបុរាណវិទ្យាបានជម្រៅចុះក្រោមប្រហែល៦ម៉ែត្រ ខណៈផ្ទៃស្រះទឹកបុរាណទាំងមូលអាចមានទំហំប្រហែល៤០ម៉ែត្របួនជ្រុង។

លោកបន្តថា ក្នុងកិច្ចការស្ដារស្រះទឹកបុរាណនេះ អាជ្ញាធរជាតិអប្សរាបានប្រើប្រាស់កម្លាំងមន្ត្រីជំនាញរបស់ខ្លួនចំនួន១៥នាក់។ ក្នុងនោះមន្ត្រីបច្ចេកទេសរើថ្មប្រាសាទបុរាណ មន្ត្រីបច្ចេកទេសគូប្លង់ មន្ត្រីចុះលេខថ្មបុរាណ មន្ត្រីជំនាញខាងកំណាយបុរាណវិទ្យា ហើយអាជ្ញាធរជាតិអប្សរានឹងបន្ថែមមន្ត្រីជំនាញខាងកំណាយបុរាណវិទ្យាមួយក្រុមទៀត ដើម្បីពន្លឿនការធ្វើកំណាយបុរាណវិទ្យាអំពីស្រះទឹកបុរាណនេះ។

ប្រាសាទបាយ័នស្ថិតនៅក្នុងបរិវេណប្រាសាទអង្គរធំដែលជាអតីតរាជធានីអាណាចក្រខ្មែរនៅចុងសតវត្សរ៍ទី១២ ដែលកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី។ ប្រាសាទនេះមិនមានគូទឹកព័ទ្ធជុំវិញដូចប្រាសាទអង្គវត្តទេ ប៉ុន្តែមានស្រះទឹកមួយចំនួន ហើយស្រះខ្លះបានគោកដោយគំនរដី។

ប្រាសាទបាយ័ន ជាទីចាប់អារម្មណ៍របស់ទេសចរទាំងក្នុងស្រុកនិងបរទេស ដោយសារតែស្នាមញញឹមនៃកំពូលព្រហ្មមុខបួន ក៏ដូចជារូបចម្លាក់ជាច្រើនដែលរៀបរាប់ពីប្រពៃណី វប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរពីសម័យដើម៕

ដកស្រង់ពី៖ ខ្មែរថាមស៍