អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ដំឡើង​ស្ថានីយ​គ្រប់គ្រង​ទឹក​ស្វ័យប្រវត្តិ​នៅ​តំបន់​អង្គរ

អាជ្ញាធរជាតិអប្សរា គ្រោងដំឡើងស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិនៅតំបន់រមណីយដ្ឋានអង្គរ ដែលការងារនេះសហការជាមួយក្រុមហ៊ុនបារាំង គឺសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃ ជ្រលងប៊ីយ៉ែវ។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃ ជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយអគ្គនាយកស្ថាប័ននេះ និងមន្រ្តីបច្ចេកទេស លើគម្រោង ប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ ដែលគ្រោងនឹងរៀបចំនៅខែក្រោយ។

តាមអាជ្ញាធរជាតិអប្សរា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណប្រតិភូចូលរួមការសម្ពោធសាកល្បងនៃស្ថានីយនេះនៅទីស្នាក់ការ SIAVB។ ជាលទ្ធផលស្ថានីយដែលបានតម្លើងសាកល្បង នៅSIAVB នាពេលនោះទទួលបានលទ្ធផល ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ (SIAVB)បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ តាមគម្រោង ប្រព័ន្ធនេះនឹងរៀបចំដំឡើងនៅក្នុងតំបន់អង្គរនៅខែ មិថុនា ក្នុងន័យដើម្បីគ្រប់គ្រងទឹកឱ្យបានទាន់ពេលវេលា ពិសេសការគ្រប់គ្រងទឹកនារដូវវស្សា ដែលជំនន់ទឹកភ្លៀងមានបរិមាណច្រើន និងអាចបញ្ជៀសទឹកទាន់ពេលវេលា កុំឱ្យជន់លិចតំបន់ប្រាសាទ និងក្រុងសៀមរាបជាដើម៕

ដកស្រង់ពី៖ ខ្មែរថាមស៍