តំបន់​ភ្នំបូកគោ និងខេត្ត​មណ្ឌលគិរី នឹងមាន​ថាមពលដើរដោយខ្យល់

ប្រទេសកម្ពុជា នឹងឈានទៅធ្វើថាមពលដើរដោយខ្យល់ នៅក្នុងពេលខាងមុខដ៏ខ្លី គឺនៅក្នុងខេត្តមណ្ឌលគិរី និងក្នុងតំបន់ភ្នំបូកគោ។

នេះបើតាមការថ្លែងរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល តាមរយៈវីដេអូឃ្លីបមួយបង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ ដោយឯកឧត្តមបានលើកឡើងពីថាមពលដើរដោយខ្យល់មួយកន្លែងនៅក្នុងប្រទេសចិន។

បើតាមឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា៖ «នេះគឺជាថាមពលស្អាតមួយ ដែលយើងគ្រោងនឹងដាក់ឡើងបន្ថែមដើម្បីជួយរុញ ថាមពលស្អាត និងថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនីនៅប្រទេសកម្ពុជាយើង»។ គួររំលឹកថា ក្នុងជំនួបពិភាក្សាមួយកាលពីខែមករា ឆ្នាំ២០២៤ នាយកប្រតិបត្តិក្រុមហ៊ុនបារាំង Blue Circle លោក Olivier Duguet បានជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនបានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តគម្រោងទីមួយរបស់ក្រុមហ៊ុន លើគម្រោងទាញយកថាមពលខ្យល់ បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦ តទៅ។

លោក Olivier Duguet បាននិយាយថា ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ក្រុមហ៊ុនលោកបានកត់សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរី។ ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន ១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ទៅថ្ងៃអនាគត ។ ក្នុងន័យនេះ កម្ពុជាអាចនឹងទទួលបានប្រភពថាមពលអគ្គិសនីដែលកើតចេញពីប្រភពកកើតឡើងវិញកាន់តែច្រើន និងអាចនាំចេញថាមពលអគ្គិសនី ទៅក្រៅប្រទេស បានផងដែរ៕