តំបន់​រ៉ា​ម​សា​របឹង​ទន្លេ​ឆ្មារ​ ​នៅតែ​ជា​ជម្រក​និង​ទីតាំង​សំខាន់​សម្រាប់​សត្វស្លាប​

មន្ត្រីឧទ្យានុរក្សបានប្រទះឃើញ និងកត់ត្រាវត្តមានហ្វូងសត្វត្រដក់ធំជាច្រើនក្បាល (Greater Adjutant)និងប្រភេទសត្វស្លាបទឹកជាច្រើនប្រភេទទៀតដែលកំពុងស្វែងរកចំណី នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលភាគច្រើនជាប្រភេទសត្វកំពុងរងគ្រោះជាសាកល។

តំបន់រ៉ាមសារបឹងទន្លេឆ្មារ មានទីតាំងនៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានផ្ទៃដីសរុប ចំនួន ២៨០,០០០ ហិកតា ហើយវានៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជម្រក និងជាកន្លែងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។

អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានបញ្ជាក់កាលពីថ្ងៃទី២៤ ខែឧសភា ថា “ថ្មីៗនេះ មន្ត្រីឧទ្យានុរក្សរបស់យើងបានប្រទះឃើញ និងកត់ត្រាហ្វូងសត្វត្រដក់ធំជាច្រើន(ជាង ២០ក្បាល) និងប្រភេទសត្វស្លាបទឹកជាច្រើនប្រភេទផ្សេងទៀតដែលកំពុងរកចំណីនៅតំបន់ដីសើមនេះ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានគាំទ្រដល់ឧទ្យានុរក្សនៅតំបន់រ៉ាមសារក្នុងការត្រួតពិនិត្យជីវចម្រុះតាំងពីឆ្នាំ២០២០ ហើយចំនួនសត្វត្រដក់ធំដែលធ្លាប់បានកត់ត្រាកន្លងមកច្រើនបំផុតគឺមានប្រហែល ១០ ក្បាល។

«នៅឆ្នាំនេះ ដោយប្រឈមនឹងការប្រែប្រួលអាកាសធាតុ យើងឃើញមានកំណើនវត្តមាននៃហ្វូងសត្វស្លាបទឹកដ៏ច្រើនកុះករ ចូលមករកចំណីនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលបញ្ជាក់ពីសក្ដានុពលនៃតំបន់ដីសើមនេះ ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជម្រក និងកន្លែងរកចំណី។ សូមចូលរួមការពារតំបន់ដីសើមនេះ និងបឹងទន្លេសាបរបស់យើងទាំងអស់គ្នា»។

ដកស្រង់ពី៖ ខ្មែរថាមស៍