បុណ្យ​សមុទ្រ​ទឹកសាប​លើក​លើក​ទី​២​ ​ជា​ការ​ដឹងគុណ​ ​និង​អប​អរសាទរ​ទិវា​បរិស្ថាន​ពិភពលោក​

សហគមន៍ទេសចរណ៍កំពង់ភ្លុក នឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៤ និងបុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី២ ព្រមទាំងពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ ដែលជាព្រឹត្តិការណ៍ដ៏ធំនិងទាក់ទាញមួយ ដើម្បីបង្ហាញពីសក្តានុពល នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ដោយនឹងរៀបចំឱ្យកម្មវិធីកម្សាន្តសប្បាយជាច្រើន សម្រាប់ភ្ញៀវទៅកម្សាន្ត។

លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា ព្រឹត្តិការណ៍ខាងលើនេះ នឹងរៀបចំរយពេល២ថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែមិថុនា ឆ្នាំ២០២៤។ លោក សូរ ប្លាតុង បានបញ្ជាក់ថា ការងារខាងលើនេះសហគមន៍ទេសចរណ៍កំពង់ភ្លុក នឹង សហការជាមួយសមាគមទេសចរណ៍កម្ពុជាCATA និងអង្គការមូលនិធិទំពាំងស្នងឬស្សី រៀបចំព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី២ អបអរសាទរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៤ និងពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ ដែលជាប្រពៃណីទំនៀមទម្លាប់តាំងពីបុរាណមករបស់អ្នកឃុំកំពង់ភ្លុក។

លោកថា នេះជាឆ្នាំទី២ហើយ ដែលព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងក្នុងសហគមន៍ទេសចរណ៍កំពង់ភ្លុក ដើម្បីសម្តែងការដឹងគុណចំពោះបឹងទន្លេសាប អបអរសាទរទិវាបរិស្ថានពិភពលោក និងបុណ្យសមុទ្រពិភពលោកផងដែរ។ ក្នុងនោះក៏ដើម្បីបង្ហាញអំពីសក្តានុពលទេសចរណ៍នៅក្នុងសហគមន៍ទេសចរណ៍មួយនេះ និងបំផុសចលនាសហគមន៍ឱ្យចូលរួមសម្អាតបរិស្ថានជាដើម។

ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល បានឱ្យដឹងថា ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៤ ព្រមទាំងពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេនាឆ្នាំនេះ នឹងរៀបចំឱ្យមានកម្មវិធីកម្សាន្តសប្បាយដូចឆ្នាំមុនដែរ ក្នុងនោះក៏មានពិធីក្បួនដង្ហែព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៤ បុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី២ និងមានដង្ហែតុក្កតាយក្ស ព្រមកម្មវិធីស្នូលមួយចំនួនទៀត មានទាំងកម្មវិធីជិះកង់កម្សាន្តផ្សងព្រេង តាមបឹងទន្លេសាប និងការបើកយុទ្ធការកម្ពុជាស្អាត ខ្មែរធ្វើបាន ជាកម្មវិធីមួយស្របនិងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយរំពឹងថា នឹងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ទេសចរជាតិ និងអន្តរជាតិ។

សូមជម្រាបថា ពិធីបុណ្យឆ្លងសាលាឆទានស្ពានមាត់ទន្លេ និងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៤ ដែលជាបុណ្យសមុទ្រទឹកសាបកម្ពុជា ដឹងគុណទន្លេសាបលើកទី២ មានរយៈពេលចំនួន២យប់២ថ្ងៃ នៅថ្ងៃទី៨ និងទី៩ ខែមិថុនា ឆ្នាំ២០២៤ នាសហគមន៍ទេសចរណ៍កំពង់ភ្លុក ក៏មានកម្មវិធីច្រើន រួមទាំងពិធីកិច្ចសាសនានានា កម្សាន្តសប្បាយជាច្រើន ការដង្ហែក្បួនអប់រំអំពីបរិស្ថាន ក្នុងគោលបំណង ចូលរួមចំណែកក្នុងការបំផុសចលនាមហាជន ឲ្យចូលរួមថែរក្សាបរិស្ថានដោយផ្សាភ្ជាប់ជាមួយធម្មជាតិ។ល៕

ដកស្រង់ពី៖ ខ្មែរថាមស៍