ខេត្ត​ចំនួន​៧​ត្រូវ​បាន​កំណត់​ជា​គោលដៅ​ទាក់​ទាញ​​ទេសចរ​ណ៍​ចិន

ប្រតិបត្តិករទេសចរណ៍មកពីខេត្ត៧ រួមមានសៀមរាប បាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ និងខេត្តប៉ៃលិន ត្រូវបានអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃ និងជនបង្គោលនៃប្រព័ន្ធវាយតម្លៃទទួលស្គាល់គុណភាពសេវាកម្មទេសចរណ៍ទីផ្សារចិន (China Ready) ។

លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានគណៈកម្មការវាយតម្លៃប្រព័ន្ធបញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ China Ready គឺបានបើកវគ្គបណ្តុះបណ្តាលនេះកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការពង្រឹងគុណភាពសេវាកម្មទេសចរណ៍តាមរយៈប្រព័ន្ធវាយតម្លៃបញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ទទួលទេសចរណ៍ចិន «China Ready Accreditation System» និងការជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេស ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន ត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការទទួលភ្ញៀវទេសចរចិន ចូលរួមដល់យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានចេញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរចិនមកកម្ពុជាបានកើនឡើង៤១,៥ភាគរយ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ ២០២៤ ។

របាយការណ៍បាននិយាយថា ភ្ញៀវទេសចរចិនសរុបចំនួន២៦០.៤៥៥នាក់បានធ្វើដំណើរមកកម្ពុជានៅក្នុងអំឡុងខែមករាដល់ខែមេសាឆ្នាំនេះ ខណៈដែលកាលពីរយៈពេលដដែលឆ្នាំ២០២៣ ទេសចរចិនមកកម្ពុជាត្រឹមតែ ១៨៤.០០០នាក់ប៉ុណ្ណោះ។ របាយការណ៍បានឱ្យដឹងថា ភ្ញៀវទេសចរចិនមានចំនួន១២,៣ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកម្ពុជា ខណៈដែលភ្ញៀវទេសចរបរទេសសរុបគឺមានចំនួនរហូតដល់ទៅ ២,១១ លាននាក់ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ កើនឡើងជាង២២ភាគរយធៀបនឹង១,៧២ លាននាក់ ក្នុងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ។ ចិនគឺជាប្រភពទេសចរបរទេសធំទីបីមកកាន់កម្ពុជា បន្ទាប់ពីប្រទេសថៃ និងវៀតណាម។

ដកស្រង់ពី៖កោះសន្តិភាព