សម្តេចធិបតី សម្រេចលុបចោលគោលការណ៍កំណត់ភ្ញៀវទេសចរ មកកម្ពុជា ត្រូវសម្រាកមួយយប់ចោល

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចឲ្យនិរាករណ៍លុបគោលការណ៍ដែលកំណត់ថា ភ្ញៀវទេសចរបរទេស ដែលមកទស្សនាហើយ តម្រូវឲ្យសម្រាកមួយយប់ចោល ដើម្បីបំបាត់ភាពស្មុគស្មាញដល់ភ្ញៀវទេសចរដែលចង់មកទស្សនា នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបំពេញបែបបទផ្សេងៗ ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាយ៉ាងដូច្នេះថា ៖«ខ្ញុំឲ្យលុបគោលការណ៍មួយចំនួនដែលមានតាំងពីឆ្នាំ១៩៩៨ ដែលអនុក្រឹត្យមួយបាន ចែងថា ភ្ញៀវទេសចរដែលមកទស្សនាត្រូវតែសម្រាកយ៉ាងហោចមួយយប់ អីញ្ចឹងទេត្រូវបំពេញទម្រង់បែបបទច្របូកច្របល់ស្មុគស្មាញ អីញ្ចឹងភ្ញៀវមួយចំនួន គាត់អត់មក! គាត់ពិបាក ហើយពេលខ្លះមានរឿងទៀត» ។ សម្តេចធិបតីបានបន្តការសម្រេចឲ្យលុបនេះ ដោយសារអនុក្រឹត្យនេះមានរយៈពេលជិត៣០ឆ្នាំហើយ មិនត្រូវតាមស្ថានភាពនៅកម្ពុជាទៀតទេ ។ ភ្ញៀវទេសចរគេចង់មកមួយល្ងាច ឬមកហូបគុយទាវមួយចានហើយទៅវិញក៏បាន ។

សម្តេចនាយករដ្ឋមន្ត្រីថា ៖«អ្នកខ្លះគេមកពីអឺរ៉ុប ហើយចង់ចូលកម្ពុជាមួយភ្លេចហើយទៅវិញ ។ អីញ្ចឹងខ្ញុំសម្រេចឲ្យធ្វើនិរាករណ៍អនុក្រឹត្យនេះចោល ។ ការលុបនិរាករណ៍ចោលនេះ ព្រោះថា មិនសំខាន់នោះទេ ព្រោះថា យើងមិនត្រូវរើស ឬប្រកាន់ភ្ញៀវទេសចរនោះទេ ។ ផ្ទុយទៅវិញយើងបានកំពុងតែធ្វើឲ្យមានការហោះហើរមកត្រង់ពីបណ្តាប្រទេសនានាមកកម្ពុជាតែម្តង ដូចជា ពីប្រទេសឥណ្ឌា ម៉ាឡេស៊ី កូរ៉េ ថៃ …»។

ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ពេលនេះកម្ពុជាយើង បានបើកជើងមេឃហើយក្នុងនោះរាជរដ្ឋាភិបាលបានកំពុងតែគិតពីការចំណាយរបស់យន្តហោះពេលចុះចត ទោះបីជារដ្ឋត្រូវចំណាយខាតខ្លះក្តី ។ ក្នុងឱកាសនោះដែរ ដើម្បីឲ្យការធ្វើដំណើរមានឲ្យបានលឿន និងកាត់បន្ថយការចំណាយថវិកាសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងយ៉ាងដូច្នេះថា ៖«ពេលនេះយើងកំពុងតែពិនិត្យក្នុងការដាក់ដំណើរការឲ្យមានរថយន្តភ្លើងល្បឿនលឿន និងការពង្រីកផ្លូវ ។ ប៉ុន្តែវាមានការយឺតបន្តិច តែអ្វីនៅចំពោះមុខថា យើងត្រូវធ្វើអ្វី?ដើម្បីស្របតាមស្ថានភាព» ។

សម្តេចធិបតីក៏បានបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ទិសដៅច្បាស់ថានៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ត្រូវធ្វើយ៉ាងណា ស្វែងរកទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន ដែលទិសដៅចម្បង គឺខេត្តសៀមរាបដែលខេត្តអាចទាញមកស្រុកខ្មែរទាំងមូល ។ សម្តេចបានសង្កត់ធ្ងន់ថា ៖«យើងដាក់ទិសដៅជាក់ស្តែងតែម្តង ការធ្វើបានតិច ឬច្រើនជារឿងមួយ ព្រោះយើងទទួលស្គាល់ថា អ្វីដែលមាន និងមិនទាន់មាន ។ ហើយបងប្អូនដែលវាយប្រហារថា រឿងសេដ្ឋកិច្ច ឬរឿងអ្វី ជារឿងរបស់គាត់ តែយើងត្រូវធ្វើដើម្បីទាញសក្កានុពលបន្ថែមទៀត»៕

ដកស្រង់ពី៖កោះសន្តិភាព