កុំ​កា.ប់ កុំ​កោរ កុំ​កិ.ប កុំ​កេ.ង កុំ​កុហក បើ​មិន​ចង់​សម្លា.ប់​វិស័យ​ទេសចរណ៍

៥ កុំ ដែលរួមមាន «កុំកា.ប់ កុំកោរ កុំកិ.ប កុំកេ.ង កុំកុហក » គឺជាគន្លឹះស្លា.ប់រស់នៅក្នុងការពង្រឹង និងជំរុញការទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ។ ប្រជាជនកម្ពុជាទាំងអស់ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាចៀសវាង «កុំ» ទាំង៥នេះ បើមិនចង់វាយបំបែកឆ្នាំងបាយរបស់ខ្លួនទេនោះ ។

មិនមែនប៉ុណ្ណោះ យើងម្នាក់ៗត្រូវប្រែក្លាយខ្លួនយើងជាឯកអគ្គរាជទូតសុឆន្ទៈ ដើម្បីជួយឃោសនាវិស័យទេសចរណ៍របស់យើងអោយមានកំណើនខ្លាំង ។ ចំណុចគន្លឹះ ៥ កុំនេះ បានត្រូវលើកឡើង និងចែករំលែកដោយលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា នៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ ។ លោក ហូ វណ្ឌី បានសង្កត់ធ្ងន់ថា អា «៥កុំ» នេះ នាំឲ្យទេសចរមិនត្រឡប់មកទៀត និងបាត់បង់ពួកគេតែម្តង ។ លោក ហូ វណ្ឌី បន្តថា « យើងត្រូវរួមគ្នា ពង្រឹងសណ្តាប់ធ្នាប់ ចរាចរណ៍ អនាម័យ និងបដិសណ្ឋារកិច្ច ដោយកុំកា.ប់ កុំកោរ កុំកិ.ប កុំកេ.ង កុំកុហក ដែលនាំឱ្យទេសចរមិនត្រឡប់មកទៀត និងបាត់បង់ ។ ទេសចរភ្លេចរបស់យកជូនគេវិញទៅ ។

ទេសចរជាមនុស្សនាំលាភ ហើយក៏ជាឆ្នាំងបាយរួមរវាងរដ្ឋ និងឯកជន ។ បោកទេសចរដូចបោកឆ្នាំងបាយគ្រួសារឯងចឹង ។ បើគ្មានទេសចរយើងនឹងបាត់បង់អ្វីៗទាំងអស់ ។ ផ្តល់ការញញឹម រួសរាយ រាក់ទាក់ យកអាសារ ដែលមានពីកំណើតមកប្រើ ដោយមិនអស់ប្រាក់ ផ្តល់ជូនទេសចរ» ។ លោក ហូ វណ្ឌី បន្ថែមថា «សូមស្តែងនូវការពិតពីបញ្ហា និងមានចិត្តបរិសុទ្ធក្នុងការផ្តល់ ទស្សនទាន ដើម្បីស្រាយបញ្ហានោះ ដើម្បីរៀបចំខ្នាតគំរូ និងដោះស្រាយបញ្ហាទើបរាប់លាននាក់បានផលឆាប់ៗណាទាន» ។

នៅក្នុងសារនោះ អ្នកជំនាញរូបនេះក៏បានចែករំលែកនូវព័ត៌មានល្អមួយ ដោយកម្ពុជា និងថៃ កំពុងចាប់ដៃគ្នាជំរុញទេសចេណ៍ជាគោលដៅតែមួយ ដើម្បីបង្កើនការទាក់ទាញទីផ្សារទេសចរណ៍ពិភពលោកទាំងទេសចេណ៍ធម្មជាតិ វប្បធម៌ សាសនា សហគមន៍ និងការកែច្នៃ ។ លោក បានឲ្យដឹងថា កម្ពុជា និងថៃ កំពុងចាប់ផ្តើមជំរុញវិស័យទេសចរណ៍ទាំងពីរប្រទេស បង្កើតខ្សែសង្វាក់ទេសចរណ៍ថ្មី តាមច្រកព្រំដែន និង និងភ្ជាប់ទៅប្រទេសជាមិត្តទាំង៥ផ្សេងទៀត ដោយ ភ្ញៀវទេសចរអាចចូលតាមផ្លូវគោកតាមការ បើករថយន្តជាលក្ខណៈគ្រួសារ និងហោះហើរពីគោលដៅថ្មីចូលមកកម្ពុជា។ វិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សែង គឺជាប្រភពដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ១៩ វិស័យទេសចរណ៍របស់កម្ពុជា បានរងការរិះគន់ច្រើន ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចេណ៍បានអោយដឹងថា ក្នុងរយៈពេលឆមាសទី១ ដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង ២,៦លាននាក់។ ក្នុងនោះភ្ញៀវទេសចរជនជាតិថៃ ចំនួន ៧៧០.៣៧១ វៀតណាមចំនួន ៥២៨.២៥២ និងទេសចរជនជាតិចិនចំនួន ៣២៦.០០៣នាក់ ។ ប្រទេសផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោម ទីផ្សារទេសចរណ៍កំពូលទាំងដប់សម្រាប់ប្រទេសកម្ពុជា ក្នុងអំឡុងពេលនោះ រួមមានប្រទេសឡាវ សហរដ្ឋអាមេរិក កូរ៉េ ឥណ្ឌូនេស៊ី បារាំង ចក្រភពអង់គ្លេស និងប្រទេសជប៉ុន ៕

ដកស្រង់ពី៖កោះសន្តិភាព