សេវាដឹកភ្ញៀវទេសចរតាមកាណូត ពីខេត្តបាត់ដំបង-សៀមរាប បើកដំណើរការឡើងវិញ

សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមកាណូត ពីខេត្តបាត់ដំបងទៅសៀមរាប ត្រូវបានដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ ក្រោយអាក់ខានមួយរយៈ ដោយសារកម្រិតទឹកបឹងទន្លេសាបទាប។ នេះបើតាមលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែកក្កដា។

លោក ហម អរុណ បានបញ្ជាក់ថា សេវាដឹកជញ្ជូនតាមទូក និងកាណូតពីខេត្តបាត់ដំបងទៅសៀមរាបនេះ មានយូរណាស់មកហើយ ប៉ុន្តែត្រូវខកខានមួយរយៈ ដោយសារកម្រិតទឹកទាប ខណៈភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏មិនសូវពេញនិយម។ បើតាមលោក អរុណ ការដាក់ឱ្យដំណើរកាណូតឡើងវិញនេះ គឺជាចំណុចល្អសម្រាប់ភ្ញៀវទេសចរ ដែលចង់បានបទពិសោធន៍ថ្មីៗនៅលើបឹងទន្លេសាប ដូចជា ទស្សនាព្រៃលិចទឹក, ស្វែងយល់ពីរបៀបរស់នៅរបស់ពលរដ្ឋនៅភូមិបណ្ដែតទឹក, ការធ្វើនេសាទ, គយគនដងស្ទឹងសង្កែ ដែលសម្បូរទៅដោយបន្លែបៃតងខ្ចី និងទស្សនីយប្លែកៗជាច្រើនទៀត ដែលមិនអាចពណ៌នាអស់។

លោក ប្រាប់ដូច្នេះថា៖«ការដាក់ឱ្យដំណើរការកាណូតឡើងវិញនេះ ខ្ញុំជឿជាក់ថា នឹងទទួលបានចំណាប់អាម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើន ព្រោះថា ក្រៅតែពីតំបន់សមុទ្រ នៅកម្ពុជាមិនសូវមានកន្លែងជិះទូកនោះទេ។ ការធ្វើដំណើរតាមផ្លូវទឹកនេះ ភ្ញៀវទេសចរ អាចគយគនទេសភាពតាមដងទន្លេសាប និងដងស្ទឹងសង្កែ, ការរស់នៅរបស់ពលរដ្ឋនៅភូមិបណ្ដែតទឹក, ទេសភាពដើមឈើ និងព្រៃលិចទឹក ជាពិសេសការនេសាទ ដែលសុទ្ធសឹងជាទស្សនីយភាពថ្មី ដែលទេសចរពុំសូវបានឃើញ»។

បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ការធ្វើដំណើរតាមផ្លូវទឹកពីបាត់ដំបង ទៅសៀមរាប ត្រូវចំណាយពេលប្រហែល៦ម៉ោង។ ចំណែក សំបុត្រមានតម្លៃ១២ម៉ឺនរៀល ដែលអាចរកទិញបាន នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានផ្តល់សេវានេះ ឬរកទិញសំបុត្រដោយផ្ទាល់នៅភ្នាក់ងារលក់សំបុត្ររបស់ក្រុមហ៊ុន Angkor Express Boat និង CHANN-NA Express Boat ៕

ដកស្រង់ពី៖ thmeythmey