កម្ពុជា និងចិនប្រកាសបើកច្រករបៀងវប្បធម៌រួមគ្នា ដើម្បីជំរុញទេសចរណ៍

ច្រករបៀងវប្បធម៌កម្ពុជា-ចិនត្រូវបានរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិនបានប្រកាសបើករួមគ្នា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសចិន ប្រទេសកម្ពុជា និងប្រទេសផ្សេងទៀតដែលជាប់ដងទន្លេមេគង្គ-ឡានឆាង ។

ពិធីបើកច្រករបៀងវប្បធម៌កម្ពុជា-ចិននេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ«ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក» នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយលោក ឈាង លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោក ស៊ា យុនហាយ (XIA Yunhai) អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិនៃការិយាល័យកិច្ចការព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ។ ច្រករបៀងវប្បធម៌ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះត្រូវបានរៀបចំឡើងនៅក្នុងតំបន់ចេញដំណើរសម្រាប់អ្នកដំណើរអន្តរជាតិនៃអាកាសយានដ្ឋានរួមមាន ៖ ពិព័រណ៍រូបថតក្រោមប្រធានបទ «ជំនួបបេតិកភណ្ឌពិភពលោកពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក» និងតំបន់ពិព័រណ៍បែប Static ជាដើម ។

ក្នុងនោះការតាំងពិព័រណ៍រូបថតរួមមាន រូបថតដ៏ស្អាតប្រណីតចំនួន១០០សន្លឹក ដែលភាគច្រើនពាក់ព័ន្ធនឹងប្រទេសចិន និងកម្ពុជា ហើយគ្របដណ្តប់ប្រទេសទន្លេមេគង្គផ្សេងៗទៀត ។ តំបន់ពិព័រណ៍បែប Static ផ្តោតលើប្រធានបទសំខាន់ចំនួន៣ គឺ «ប៉ាក់» «ចម្លាក់» និង «ពណ៌ចម្រុះ» ដែលដាក់តាំងបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្តយូណានប្រទេសចិន និងប្រទេសកម្ពុជា ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះនឹងជួយផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅ និងទូលំទូលាយអំពីវប្បធម៌ដ៏ចំណាស់ និងសម្បូរបែបរបស់កម្ពុជា និងចិន ។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងជំរុញកំណើនភ្ញៀវទេសចរ ក៏ដូចជា ការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។

លោកអភិបាលរងខេត្តបានចាត់ទុកច្រករបៀងវប្បធម៌កម្ពុជា-ចិន គឺជាសក្ខីកម្មយ៉ាងរស់រវើកនៃចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសកម្ពុជា និងចិន ហើយនឹងក្លាយជាស្ពានមិត្តភាពដែលតភ្ជាប់ប្រជាជនទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ដូចជា ខេត្តសៀមរាបនិងខេត្តយូណាន ។ ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងចំណោមភ្ញៀវទេសចរបរទេស៣,៦ លាននាក់ដែលចូលមកទស្សនាប្រទេសកម្ពុជា ភ្ញៀវទសចរជនជាតិចិន មាន ១២,៣ ភាគរយឫប្រមាណជា ៣៨៩.៣៦០ នាក់ កើនឡើង៤៥,២ភាគរយ នៅក្នុងរយៈពេល ៦ ខែនៃឆ្នាំ២០២៤ ៕

ដកស្រង់ពី៖កោះសន្តិភាព