អ្នក​ចូល​ចិត្ត​ឡាន​ទំនើប​ជាង​៥០​ប្រទេស​នឹង​ធ្វើ​ឱ្យមនុស្ស​១០០០​លាន​នាក់​ស្គាល់​កម្ពុជា

អភិជន អ្នកមានមុខមាត់ក្នុងសង្គម មហាសេដ្ឋី ជនល្បីៗក្នុងសង្គម និងអ្នកស្រឡាញ់ឡានទំនើប ឡានប្រណិត ប្រមាណជាង៥០សញ្ជាតិ នឹងមកជួបជុំគ្នានៅមុខប្រាង្គប្រាសាទអង្គរវត្ត រួមជាមួយកំពូលរថយន្តប្រមាណជាពាន់គ្រឿង ចូលរួមថតរូបក្នុងព្រឹត្តិការបំបែកកំណត់ត្រាពិភពលោកថតរូបរថយន្តទំនើបៗមុខប្រាសាទអង្គរ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រការរៀបចំនូវព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះនៅកម្ពុជា។ អាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ និងការត្រៀមបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់របស់ប្រជាជនខ្មែរ។ សម្តេចធិបតីក៏បានអរគុណ មូលនិធិ Gumball 3000 Rally ដែលបានចូលរួមចំណែកក្នុងការគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ និងគ្រោងជួយសាលាបណ្តុះបណ្តាលកីឡានៅកម្ពុជាផងដែរ។

ឧកញ៉ា លាង ពៅ អគ្គនាយកពហុពាណិជ្ជកម្ម នៃក្រុមហ៊ុនជីប ម៉ុងគ្រុប ថ្លែងនៅក្នុងសន្និសីទ្ធសារព័ត៌មាន Gumball 3000នៅកម្ពុជាថា ព្រឹត្តិការជួបជុំអ្នកដែលស្រឡាញ់រថយន្តទំនើប រថយន្តប្រណិតនៅកម្ពុជា សុទ្ធតែនឹងជំរុញវិស័យទេសចរណ៍ វប្បធម៌របស់កម្ពុជា ដោយសារតែអ្នកដែលនឹងមកចូលរួមក្នុងកម្មវិធី Gumball 3000 សុទ្ធសឹងតែជាអ្នកជំនួញល្បីៗ និងអ្នកដែលមានកិត្តិយស មានកេរ្តិ៍ឈ្មោះ សីល្បៈករ កីឡាករ តារាហូលីវូដជាច្រើននឹងចូលរួម។

លោកបានបន្ថែមថា នៅលើបណ្តាញសង្គមផ្លូវការរបស់ជនល្បីៗទាំងនោះ សុទ្ធតែមានចំនួនអ្នកតាមដានច្រើនរាប់លាននាក់ ហើយនៅពេលដែលជនល្បីៗ ទាំងនោះបង្ហោះរូបភាពរបស់ខ្លួននៅកម្ពុជា នឹងធ្វើអោយពិភពលោកបានស្គាល់ការពិតរបស់កម្ពុជា នឹងជំរុញវិស័យទេសចរណ៍របស់កម្ពុជា កន្លែងកម្សាន្តរបស់កម្ពុជាបន្ថែមទៀតទៅកាន់ពិភពលោក។ ឧកញ៉ា លាង ពៅ បន្តថា អ្វីដែលសំខាន់មួយទៀតបន្ថែមពីលើអ្វីដែលមានស្រាប់ ក្រោយពេលបញ្ចប់កម្មវិធី Gumball 3000នៅកម្ពុជា រូបភាពវីដេអូ តំបន់ទេសចរណ៍របស់កម្ពុជា កន្លែងកម្សាន្តសម្បូរបែបរបស់កម្ពុជា នឹងចាក់ផ្សាយលើ Netflix ដែលមានការគាំទ្រជាង១០០ប្រទេសលើពិភពលោក។

ឧកញ៉ា លាង ពៅ បន្ថែមថា « យើងបានផ្សព្វផ្សាយប្រទេសកម្ពុជារបស់យើង ជាពិសេសវិស័យទេសចរណ៍កម្ពុជាជាង១០០ប្រទេសបានឃើញ ហើយជាង ១០ពាន់លានView បានឃើញ»។ លោកបន្តថា ព្រឹត្តិការណ៍នេះ ក៏នឹងធ្វើអោយវិនិយោគទុនជាច្រើនបានជួបគ្នា ផ្លាស់ប្តូរបទពិសោធ និងជាឱកាសសម្រាប់ការវិនិយោគលើវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន និងប្រជាជន។

លោក ម៉ាកស៊ីមីលៀន ឃូប ភ័ ( Maximillion Cooper) ជាស្ថាបនិកនៃក្រុមហ៊ុន Gumball 3000 Entertainment Group បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះវប្បធម៌សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានា និងសុខសន្តិភាពនៅកម្ពុជាផងដែរ។

វត្តមានរបស់លោក មកកាន់កម្ពុជាគឺជាសញ្ញាល្អមួយដែលអាចបញ្ជាក់បានថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជានឹងកាន់តែកក្រើក និងនាំយកភាពល្បីល្បាញរបស់ប្រទេសកម្ពុជាឱ្យរីកសុះសាយទូទាំងសកលោក តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ព្រឹត្តិការណ៍ Gumball 3000 នឹងរៀបចំនៅប្រទេសកម្ពុជារយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្រសួងទេសចរណ៍ទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា សហការជាមួយក្រុមហ៊ុន ជីប ម៉ុង តែមួយគត់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៤ គឺ៖ ការជំរុញវិស័យទេសចរណ៍នៅកម្ពុជានិងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក ការចូលរួមចំណែកក្នុងសប្បុរសធម៌ដ៏ធំទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ការបើកឱកាសរវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និង ការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត” ៕

ដកស្រង់ពី៖កោះសន្តិភាព