សេដ្ឋកិច្ចអន្តរជាតិភ្ញៀវថៃបោះបង់កូរ៉េខាងត្បូង ជ្រើសជប៉ុន និងចិនជាគោលដៅទេសចរណ៍

ភ្ញៀវទេសចរថៃទៅកាន់កូរ៉េខាងត្បូង មានការថយចុះ ក្រោយពីប្រជាជនថៃជាច្រើនមិនសប្បាយចិត្ត នឹងនីតិវិធីអន្តោប្រវេសន៍ដ៏តឹងរ៉ឹង របស់កូរ៉េខាងត្បូង។ យ៉ាងណាមិញ ភ្ញៀវទេសចរថៃ បានជ្រើសគោលដៅទេសចរណ៍ចិន និងជប៉ុនជំនួស ដោយសារមានការលើកលែងទិដ្ឋាការ និងការចំណាយសមរម្យជាងមុន។

ដំណើរការអន្តោប្រវេសន៍នៅកូរ៉េខាងត្បូង បានចាប់ផ្តើមរឹតបន្តឹងចាប់តាំងពីឆ្នាំមុន ដែលបណ្តាលឱ្យជនជាតិថៃជាច្រើនពិបាកក្នុងការទៅកម្សាន្តនៅប្រទេសនេះ ទោះបីជាពួកគេបានដាក់ពាក្យសុំទិដ្ឋាការតាមអេឡិចត្រូនិកមុនក៏ដោយ។

កាសែត Nikkei Asia នៅថ្ងៃទី១១ ខែសីហា បានចុះផ្សាយថា កូរ៉េខាងត្បូង កំពុងរឹតបន្តឹងបទប្បញ្ញត្តិអន្តោប្រវេសន៍ ដើម្បីដោះស្រាយស្ថានភាពពលករខុសច្បាប់ពីថៃ ដែលចូលមកក្នុងប្រទេសនេះ។

មុនផ្ទុះជំងឺកូវីដ-១៩ កូរ៉េខាងត្បូងបានអនុញ្ញាតឱ្យពលរដ្ឋថៃ និងប្រទេសផ្សេងទៀតស្នាក់នៅរហូត ដល់ ៩០ថ្ងៃ ប្រសិនបើពួកគេត្រូវយល់ព្រមជាមុន តាមរយៈសំណើសុំទិដ្ឋាការតាមអេឡិចត្រូនិក របស់កូរ៉េខាងត្បូង ឬហៅម្យ៉ាងទៀតថា ទិដ្ឋាការ K-ETA។

ដោយសាររយៈពេលស្នាក់នៅយូររហូត ៩០ថ្ងៃ វាបានធ្វើឱ្យទេសចរថៃជាច្រើននាក់ចូលទៅកូរ៉េខាងត្បូង ក្នុងគោលបំណងស្វែងរកការងារដែលមានប្រាក់ចំណូលខ្ពស់។ លើសពីនេះ ជនជាតិថៃមួយចំនួនតូចធ្វើសកម្មភាពឧក្រិដ្ឋកម្ម និងប៉ះពាល់ដល់សន្តិសុខនៃប្រទេសផលិតគីមឈីនេះទៀតផង។ អ្នកស្រី Eve Khokesuwan អាយុ ៤២ឆ្នាំ ជាស្ត្រីបម្រើការផ្ទះមកពីភាគឦសានប្រទេសថៃបានរៀបរាប់ថា ៖«កាលពីឆ្នាំមុន ខ្ញុំត្រូវបានបដិសេធដោយអាជ្ញាធរអន្តោប្រវេសន៍ ហើយបានបញ្ជូនត្រឡប់ទៅទីក្រុងបាងកកវិញភ្លាមៗ»។ ដោយសារតែនាងមិនអាចប្រើភាសាអង់គ្លេសបានស្ទាត់ជំនាញ នាងគ្មានជម្រើសក្រៅពីស្តាប់បង្គាប់អាជ្ញាធរកូរ៉េខាងត្បូងឡើយ។

កាលពីចុងឆ្នាំ ២០២៣ មាននិន្នាការប្រើប្រាស់បណ្តាញសង្គមនៅថៃក្នុងការធ្វើពហិការទេសចរកូរ៉េខាងត្បូង ដោយសារមិនពេញនឹងទង្វើអាជ្ញាធរកូរ៉េខាងត្បូងមកលើប្រជាជនថៃ។

តាមការប៉ាន់ប្រមាណរបស់អគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូង ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៤ ភ្ញៀវថៃទៅទេសចរនៅកូរ៉េខាងត្បូងបានថយចុះ ២១ភាគរយ បើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលធ្លាក់ចុះមកត្រឹម ១១៩ពាន់នាក់។

ចំនួនខាងលើហាក់ដូចជាមានកម្រិតតិចតួចណាស់ បើធៀបទៅនឹងភ្ញៀវទេសចរថៃចំនួន ៥៧២ពាន់នាក់ ដែលទៅកូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៩ មុនជំងឺកូវីដ-១៩ ផ្ទុះឡើង។

លោក Yuttachai Suntornrattanavert អនុប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃបានប្រាប់ Nikkei Asia ថា លោកបានដឹងអំពីការធ្វើពហិការទេសចរណ៍កូរ៉េជាច្រើនខែមុន។ លោកថា នេះជាលើកទីមួយហើយ ដែលយើងឃើញការជះឥទ្ធិពលនេះ តាមរយៈស្ថិតិច្បាស់លាស់។

ក្រៅពីហេតុផលមកពីអន្តោប្រវេសន៍ លោក Yuttachai បានពន្យល់ថា ការធ្លាក់ចុះនៃភ្ញៀវទេសចរថៃទៅកូរ៉េខាងត្បូង ក៏អាចមកពីប្រជាជនថៃដឹងថា ប្រទេសផលិតគីមឈីមួយនេះ មានតំបន់ទេសចរណ៍តិច។

បើតាមលោក Yuttachai ប្រជាជនថៃ មានទំនោរជ្រើសរើសគោលដៅទេសចរចិន និងជប៉ុនជាបណ្តើរៗ ជំនួសទៅកាន់កូរ៉េខាងត្បូង ដោយសារតែនីតិវិធីចូលងាយស្រួលជាង គួបផ្សំជាមួយទេសភាពស្រស់ស្អាត និងអាកាសធាតុល្អ។

គួរបញ្ជាក់ថា ខណៈចិន និងថៃ បានលើកលែងទិដ្ឋាការសម្រាប់គ្នាទៅវិញទៅមក ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ជប៉ុនក៏ជាជម្រើសដ៏សមស្របសម្រាប់ភ្ញៀវថៃ ដោយសារការចំណាយតិចជាងពេលមុន ព្រោះប្រាក់យ៉េនធ្លាក់ថ្លៃ៕

ដកស្រង់ពី៖ thmeythmey